ការប្រកាសចេញវត្តមានជាផ្លូវការរបស់ហ្វាប់ប្លេតស៊េរីថ្មី Samsung Galaxy Note 8 កំពុងតែខិតជិតមកដល់ហើយ ប៉ុន្តែរូបភាពផ្លូវការរបស់ហ្វាប់ប្លេតថ្មីនេះ នៅមិនទាន់បែកធ្លាយនៅឡើយទេ។ ថ្មីៗនេះ Evan Blass aka @evleaks ទើបតែចែករំលែកនូវរូបភាពរបស់ហ្វាប់ប្លេត Galaxy Note 8 ពណ៌ទឹកសមុទ្រ (Deep Blue Sea) ហើយយើងអាចមើលឃើញតែផ្នែកខាងមុខរបស់ហ្វាប់ប្លេតស៊េរីថ្មីនេះជាមួយការប្រើប្រាស់ប៊ិក S-Pen ។ ដូចអ្វីដែលអ្នកអាចមើលឃើញនៅពេលនេះ ប៊ិក S-Pen ពិតជាស៊ីគ្នាជាមួយនឹងពណ៌របស់ហ្វាប់ប្លេតនេះ ហើយស៊ុមព័ទ្ធអេក្រង់របស់ហ្វាប់ប្លេត Galaxy Note 8 នឹងភ្ជាប់ជាមួយនឹងពណ៌ខ្មៅជានិច្ច។

ហ្វាប់ប្លេត Galaxy Note 8 មានលក្ខណៈរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូនស៊េរីថ្មី Galaxy S8 និង Galaxy S8 Plus ដែរប៉ុន្តែជ្រុងរបស់វាមិនកោងខ្លាំងដូចស្មាតហ្វូនត្រកូល Galaxy S8 នោះទេ។ អេក្រង់របស់វាគឺកោងនៅផ្នែកចំហៀង ប្រសិនបើលោកអ្នកពិនិត្យមើលកាន់តែកៀកនៅលើរូបភាពមួយនេះ អ្នកនឹងអាចមើលឃើញនូវប៊ូតុងនៅផ្នែកគែមដែលអ្នកតែងតែឃើញជានិច្ចនៅលើស្មាតហ្វូន Galaxy S8 ។ ប៊ូតុង Power/lock អាចមើលឃើញនៅផ្នែកខាងស្តាំនៃហ្វាប់ប្លេត Galaxy Note 8 ខណៈពេលដែលប៊ូតុងឡើងចុះសំឡេង និងប៊ូតុង Bixby ស្ថិតនៅផ្នែកខាងឆ្វេងនៃហ្វាប់ប្លេតនេះ។

ហ្វាប់ប្លេត Galaxy Note 8 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី 23 ខែសីហាខាងមុខនេះនៅក្នុងទីក្រុងញ៉ូវយ៉ក ហើយក្រុមហ៊ុន Samsung ក៏ផ្ញើលិខិតអញ្ជើញរួចរាល់ហើយដែរសម្រាប់ព្រឹត្តិការណ៍ Unpacked Event នេះ។ ហ្វាប់ប្លេត Galaxy Note 8 នឹងភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិកម្រិតខ្ពស់ដែលមានកម្លាំងខ្លាំងជាងស្មាតហ្វូន Galaxy S8 និង Galaxy S8 Plus ។ ហ្វាប់ប្លេត Galaxy Note 8 នឹងមានអេក្រង់ធំជាងអេក្រង់របស់ស្មាតហ្វូន Galaxy S8 Plus ទៀតផង។

ហ្វាប់ប្លេត Galaxy Note 8 នឹងភ្ជាប់ជាមួយអេក្រង់ទំហំ 6.4 អ៊ីញកម្រិតភាពច្បាស់ QHD+ Super AMOLED Infinity display ដែលមានន័យថាអេក្រង់របស់វាធំជាងស្មាតហ្វូន Galaxy S8 Plus ដែលមានទំហំត្រឹមតែ 6.2 អ៊ីញប៉ុណ្ណោះ។ ហ្វាប់ប្លេត Galaxy Note 8 ភ្ជាប់ជាមួយរ៉េមផ្ទុកទិន្នន័យទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ហ្វាប់ប្លេត Galaxy Note 8 នឹងប្រើប្រាស់បន្ទះឈីប 2 ផ្សេងគ្នានៅលើហ្វាប់ប្លេត Galaxy Note 8 គឺ Snapdragon 835 សម្រាប់ហ្វាប់ប្លេតនៅក្នុងទីផ្សារទឹកដីសហរដ្ឋអាមេរិច និងបន្ទះឈីប Exynos 8895 សម្រាប់ទីផ្សារនៅទ្វីបអ៊ឺរ៉ុប ប្រទេសកូរ៉េ និងតំបន់ជាច្រើនទៀត។ ហ្វាប់ប្លេតនេះនឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat និង Custom UI របស់ក្រុមហ៊ុន Samsung រួមទាំងប្រព័ន្ធកាមេរ៉ាភ្លោះផងដែរ៕

ប្រភពពី៖eworldmagz