ពេល​ដែល​ឮ​ពី MasterCard និង Visa ភ្លាម​ អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​គិត​ដល់​កាត​ធនាគារ ដែល​អាច​ធ្វើ​ប្រតិបត្តិ​ការ​សម្រាប់​ទិញ​ទំនិញ និង​ចាយ​វាយ​ក្រៅ​ប្រទេស​ជា​មិន​ខាន។ មនុស្ស​មួយ​ភាគ​ធំ​យល់​ច្រឡំ​ថា MasterCard និង Visa ជា​ធនាគារ ប៉ុន្តែ​វា​មិន​មែន​ជា​ការពិត​ទេ។ តាម​ពិត​ទៅ MasterCard និង Visa គឺ​ជា​ក្រុមហ៊ុន ២ ផ្សេង​គ្នា ដែល​មាន​ប្រតិបត្តិ​ការ​លើ​ដំណើរ​ការ​របស់​សាច់​ប្រាក់​នៅ​ក្នុង​គណនី​ធនាគារ​។

MasterCard និង Visa ធ្វើ​ការ​ជាមួយ​ធនាគារនៅ​ទូទាំង​ពិភពលោក ​លើ​ការ​ប្រតិបត្តិការ​សាច់​ប្រាក់​មិន​ថា​​ពេល​អ្នក​ចង់​​ទិញ​​ទំនិញ​លើ​អ៊ីនធឺណិត និង​ការ​ចាយវាយ​ផ្សេងៗ។

+ទាំង MasterCard និង Visa សឹង​តែ​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក​ដូច​គ្នា​

មិន​ថា​នៅ​ទី​ណា​ឡើយ​នៅ​លើ​ពិភព​លោក ហាង​ដែល​ទទួល​យក​ការ​ទូទាត់​ជា​សាច់​ប្រាក់​អន្តរជាតិ គឺ​សឹង​តែ​ទាំងអស់​មាន​ទាំង MasterCard និង Visa។

មាន​ករណី​លើក​លែង​ខ្លះ​ដែរ ដែល​អាច​មាន​កន្លែង​មួួយ​ចំនួន ទទួល​យក​តែ MasterCard មិន​យក Visa ហើយ​ខ្លះ​ទៀត មិន​យក MasterCard តែ​យក Visa វិញ។ មូលហេតុ អាច​ដោយ​សារ​កន្លែង​ទាំង​នោះ​មាន​ការ​សហការ​ផ្ដាច់​មុខ សម្រាប់​ក្រុមហ៊ុន​ទាំង ២ នេះ។

+ភាព​ខុស​គ្នា​រវាង MasterCard និង Visa

Visa ចែក​ចេញ​ជា ៣ កម្រិត៖ BasicSignature និង Infinite។ គួរ​ឲ្យ​សោក​ស្ដាយ ដែល​ធនាគារ​នៅ​ក្នុង​ស្រុកមិន​ទាន់​មាន​កាត​ប្រភេទ Visa Signature, Visa Infinite នៅ​ឡើយ​ទេ ដោយ​មាន​ប្រើ​តែ Basic (Normal, Platinum, Gold ជាដើម)។

  • ​កាត​កម្រិត Basic នៅ​បរទេស វា​ទទួល​បាន​គុណ​ប្រយោជន៍​ដូច​ជាការ​រ៉ាប់រង​លើ​​រថយន្ត​ ការ​ពន្យារ​សុពល​ភាព​លើ​ទំនិញ ការ​ទិញ​ដូរ​ដែល​មិន​មាន​ការ​អនុញ្ញាត ជំនួយ​ក្នុង​ពេល​បន្ទាន់ និង​ការ​ស្នើ​សុំ​កាត​ភ្លាម​ៗ។
  • កាត​កម្រិត Signature ផ្ដល់​ប្រយោជន៍​គ្រប់​យ៉ាង​ដូច​កាត Basic បន្ថែម​ពី​លើការ​ទទួល​បាន​សេវាកម្ម​ទទួល​ការ​កក់​ ២៤/៧ ការ​បញ្ចុះ​តម្លៃ​សម្រាប់​ការ​កម្សាន្ត ការ​ចូលរួម​ព្រឹត្តិការណ៍​កីឡា ការ​ញ៉ាំ​អាហារ និង​ការ​ធ្វើ​ដំណើរ​ជា​ដើម។
  • កាត​កម្រិត​ Infinite ផ្ដល់​ប្រយោជន៍​ទាំង​អស់​ដូចកាត​កម្រិត Signature តែ​វា​មាន​ផ្ដល់​ជា​គុណប្រយោជន៍​ពិសេស​សម្រាប់​អ្នក​ចំណាយ​ខ្ទង់​ធំ។

MasterCard មាន​កាត​ ៣ កម្រិត​ដូច​គ្នា ដែល​មាន​ពី​ថ្នាក់​ទាបទៅ​ខ្ពស់ ដូច​ជា BasicWorld និង World Elite ។ ដូច​គ្នា​ទៅ​នឹង Visa ដែរ កាត​កម្រិត​ខ្ពស់ World និង World Elite មិន​មាន​ប្រើប្រាស់​នៅ​ក្នុង​ស្រុកយើង​ឡើយ។

  • កាត​កម្រិត Basic ផ្ដល់​គុណ​ប្រយោជន៍​សឹង​តែ​ស្រដៀង​នឹង Visa Basic តែ MasterCard Basic មាន​ការ​ការពារ​ពី​ការ​ឆបោក​លុយ​លើអីុន​ធឺណិត។ ម៉្យាង​ទៀត MasterCard ផ្ដល់​ជា​សេវាកម្ម​ ការពារ​ការ​ទិញ​​ទំនិញ​ពេល​ឡើង​ថ្លៃ​ទៀត​ផង​ក្នុង​រយៈពេល ៦០ ថ្ងៃ ដោយវា​នឹង​វេរ​ប្រាក់​មក​ឲ្យ​វិញ បើសិន​ជា​ទំនិញ​មាន​ការ​ចុះ​ថ្លៃ ជាជាងពេល​អ្នក​ទិញ (នៅ​បរទេស)
  • កាត​កម្រិត World ផ្ដល់​ប្រយោជន៍​គ្រប់​យ៉ាង​ដូច​កាត Basic បន្ថែម​ពី​លើ ដោយ​សេវាកម្ម​ទទួល​ការ​កក់​ផ្ទាល់​ខ្លួន ២៤/៧ ការ​ការពារ​តម្លៃ​ក្នុង​ការ​ទិញ (បាន ១២០ ថ្ងៃ) និង​ការ​ថែម​ជូន​ក្នុង​សេវាកម្ម​សណ្ឋាគារ​ជាដើម ដូចជា ការ​ថែម​ជូន​អាហារ​ពេល​ព្រឹក និង​ពេល​ចេញ​ពី​សណ្ឋាគារ​យឺត​ជាដើម។
  • កាត​កម្រិត​ World Elite ផ្ដល់​ប្រយោជន៍​ទាំង​អស់​ដូច កាត​កម្រិត World អុីចឹង តែ​វា​មាន​ផ្ដល់​ជា​គុណប្រយោជន៍​ពិសេស​នានា​សម្រាប់​អ្នក​ចំណាយ​ខ្ទង់​ធំ ដូច​ជា ការ​បញ្ចុះ​តម្លៃ​លើ​ជើង​យន្តហោះ (ទាំង​យន្ត​ហោះ​ឯកជន) ការ​បញ្ចុះ​តម្លៃ​ក្នុង​ការ​ជួល​ឡាន ដំណើរ​កម្សាន្ត​តាម​នាវា និង​ដំណើរ​កម្សាន្ត​ផ្សេង​ៗ​ទៀត។

អត្ថបទពី៖ news.sabay