ក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញពីមហិច្ឆតារបស់រដ្ឋាភិបាលក្នុងការតភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធឌីជីថលនៅទូទាំងប្រទេសត្រឹមឆ្នាំ 2020 ដោយចង់ឱ្យនៅតាមទីជនបទមានមានប្រព័ន្ធ​អ៊ីនធើណេតប្រើប្រាស់ពេលលេញដូចទីក្រុងដែរ។

ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា រដ្ឋាភិបាលមានអំពីមហិច្ឆតាក្នុងការតភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធឌីជីថលនៅទូទាំងប្រទេស នៅត្រឹមឆ្នាំ 2020។ កិច្ចប្រជុំកំពូលនេះ ជាការជួបជុំផ្លាស់ប្តូរ ចែករំលែកចំណេះដឹង បទពិសោធន៍​ និងមតិយោបល់រវាងមន្រ្តីជាន់ខ្ពស់ និងតួអង្គសំខាន់ៗ ក្នុងឧស្សាហកម្មទូរគមនាគមន៍ ដោយវាបានបង្កើតឱ្យមានជាការពិភាក្សាគ្នាដើម្បីរិះរកវិធីសាស្ត្រយ៉ាងសម្រេចឱ្យបាននូវចក្ខុវិស័យនៃ ICT របស់កម្ពុជា។ ឯកឧត្តម  បានទទួលស្គាល់ថា ស្ថាប័នរដ្ឋមិនអាចខ្វះបាននៃភាពជាដៃគូរវាងវិស័យឯកជន ក្នុងការសម្រេចបាននូវការត្រៀមខ្លួនជាស្រេចក្នុងវិស័យ​ ICT។

ឯកឧត្តម ថ្លែងថា៖« រាជរដ្ឋាភិបាល សង្ឃឹមថា កម្ពុជានឹងមានប្រព័ន្ធ​អ៊ីនធើណេតប្រើប្រាស់​ 100% នៅតំបន់ប្រជុំជន និង​ 70% ​នៅ​តំបន់ជនបទនាឆ្នាំ 2020 ហើយការសហការគ្នាយ៉ាងសកម្ម និងជិតស្និទ្ធជាមួយ​ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធដែលមានជំនាញ គឺជាគន្លឹះដ៏សំខាន់ដើម្បីធានាថា យើងកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវ»។

លោក Suresh Sidhu អគ្គនាយកក្រុមហ៊ុន edotco Group បានមានប្រសាសន៍ថា៖ ក្រុមហ៊ុនលោកពិតជាមានសេចក្តីសោមនស្សរីករាយណាស់ក្នុងការបង្កឱ្យមានឱកាសនៃការជួបជុំអ្នកជំនាញខាងវិស័យ​ទូរគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កិច្ចប្រជុំកំពូលនៅកម្ពុជានាឆ្នាំនេះ។ edotco ជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការវិនិយោគទុននៅតំបន់អាស៊ី ហើយបាននឹងកំពុងធ្វើប្រតិបត្តិការជាមួយដៃគូដ៏រឹងមាំក្នុងការជួយកសាងប្រទេសជាតិលើវិស័យទូរគមនាគមន៍។

តាមរយៈគំនិតផ្តួចផ្តើម​របស់ ​edotco ក្នុងការនាំមកនូវការតភ្ជាប់តាមរយៈហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះ វាពិតជាបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការគាំទ្រចំពោះចក្ខុវិស័យ ICT របស់ប្រទេសកម្ពុជា៕

ប្រភពពី៖Thephnompenhtimes.com