Facebook Instant Article ​ជា​វិធី​សាស្ត្រ​រក​លុយ​ដ៏​ពេញ​និយម​មួយ​សម្រាប់​​​អ្នក​ប្រើ​ប្រាស់​ Facebook ជា​ច្រើន ដោយ​ Facebook បាន​បើក​ដំណើរ​ការ​មុខងារ​នេះ​កាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ សម្រាប់​​អ្នក​ចេញ​ផ្សាយ​ព័ត៌មាន​ (Publisher)ទាំង​ឡាយ។ ជា​មួយ​ Instant Article នេះ Publisher អាច​​ធ្វើ​ឲ្យ​អត្ថបទ​លើ​វិបសាយ​របស់​ខ្លួន​បើក​ចេញ​មក​បាន​កាន់​តែ​លឿន​នៅ​លើ Facebook។ ថ្ងៃ​នេះ​ Sabay នឹង​បង្ហាញ​អំពី​កម្រៃ​ដែល​ Publisher អាច​រក​បាន​ពី​ Facebook Instant Article។

​ក្នុង​តារាង​ដែល​បង្ហាញ​ពី​ប្រាក់​ចំណូល​​នៃ​ Instant Article មាន​ចំនួន​ ៧ ចំណុច​ធំៗ ៖ RequestsFilledImpressionsClicksFill RateCTReCPM និង​ Est. Rev។ ចំណុច​ដែល​សំខាន់​បំផុត​ក្នុង​ចំណោម​ ៧ នេះ​គឺ​ Impressions ​​​(ជា​​ចំនួន​ Ads ដែល​អ្នក​ចុច​មើល​ IA បាន​ឃើញ), eCPM (កម្រៃ​អាច​ទទួល​បាន​​ពី​ Impressions ចំនួន​​ ១០០០) និង Est. Rev (ជា​ចំណូល​ប៉ាន់​ស្មាន​សរុប​ប្រចាំ​ថ្ងៃ) ។

គួរ​បញ្ជាក់​ថា​ចំនួន​ Impressions ជា​ចំនួន​ Ads ដែល​អ្នក​ចុច​​ចូល​មើល​ Instant Article បាន​ឃើញ​ ហើយ​ដើម្បី​ទទួល​បាន​ Impressions ច្រើន ​លុះត្រាតែ​ Instant Article មួយ​មាន​ចំនួន​អ្នក​ចុច​ចូល​មើល​ច្រើន។

ចំពោះ​ eCPM វិញ​អាច​ទទួល​បាន​តិច​ ឬ ច្រើន​ផ្អែក​ទៅ​តាម​ប្រទេស​នីមួយៗ​​​នៃ​អ្នក​ដែល​ចុច​មើល​ IA ដោយ​សម្រាប់ eCPM ដែល​មាន​ប្រភព​ពី​ប្រទេស​កម្ពុជា​មាន​អត្រា​កម្រៃ​ជា​មធ្យម​ ០,២៣ ដុល្លារ ឬ អាច​ខ្ពស់​ជាង​នេះ​បន្តិច។ ចំណែក​ eCPM ដែល​មាន​ប្រភព​ពី​ប្រទេស​ដទៃ​មាន​អត្រា​កម្រៃ​ផ្សេង​គ្នា​ដូច​ជា​ ប្រទេស​ថៃ ០,៧៣ ដុល្លារ កូរ៉េ​ខាងត្បូង ២,៧៩ ដុល្លារ និង សហរដ្ឋអាមេរិក​ ៤ ដុល្លារ​ ជា​ដើម។

សម្រាប់​ Est. Rev វិញ​អាច​ទទួល​បាន​ច្រើន​អាស្រ័យ​លើ​ចំនួន​ Impressions។ ឧទាហរណ៍​ថា​ ៖ Impressions មាន​ចំនួន​ ៤០០ ០០០ (Ads ដែល​ស្ថិត​លើ​ IA របស់​អ្នក​មាន​អ្នក​មើល​ ៤០០ ០០០ ដង) ហើយ​មាន​ eCPM កម្រិត ០,២៣ ដុល្លារ​ នោះ​​ Est. Rev នឹង​ទទួល​បាន​ ៩២ ដុល្លារ ។ គណនា​ដោយ​យក​ ៤០០ ០០០ ចែក​ ១០០០ គុណ​នឹង ០,២៣ ព្រោះ​ ១ ០០០ Impressions ទើប​បាន​ eCPM ១ ។

តាម​ការ​បង្ហាញ​ខាង​លើ​នេះ​ប្រិយមិត្ត​ដែល​មាន​បំណង​ចង់​ចាប់​ផ្ដើម​រក​លុយ​តាម​ Instant Article របស់​ Facebook អាច​នឹង​ដឹង​បាន​ខ្លះៗ​ពី​កម្រៃ​ដែល​អ្នក​អាច​នឹង​ទទួល​បាន។ បញ្ជាក់​ដែរ​ថា​គិត​ត្រឹម​ខែ​មិថុនា​ ឆ្នាំ​ ២០១៧ នេះ​ Instant Article បាន​ចែក​ចំណូល​ ១ លាន​ដុល្លារ​ ជា​រៀង​រាល់​ថ្ងៃ​​ដល់​ Publisher ទាំង​ឡាយ៕​​​​​​​
ប្រភពពី៖News.sabay.com.kh