តើ​អ្នក​ធ្លាប់​ដឹង​ទេ ពួក​ Hacker អាច​ Jailbreak ប្រព័ន្ធ iOS បាន​តាំង​ពី​ជំនាន់​កំណែ 1.1.1 ក្នុង​ឆ្នាំ ២០០៧។ ចុះ​អ្នក​ធ្លាប់​ស្គាល់​ក្រុម Hacker ល្បី​ឈ្មោះ​ណា​ខ្លះ? Sabay ណែនាំ​កំពូល​ក្រុម Hacker ល្បីៗ ខាង Jailbreak ប្រព័ន្ធ iOS ជាង ១០ ឆ្នាំ​មក​នេះ។

១.ក្រុម​ JailbreakMe
ផ្អែក​តាម​គេហទំព័រ Wiki បាន​បង្ហាញ ក្នុង​ក្រុម JailbreakMe មាន​សមាជិក​ច្រើន​រូប ប៉ុន្តែ​បង្ហាញ​តែ​ឈ្មោះ​មនុស្ស​ម្នាក់​គត់​គឺ Muddaser. Farache Comex ដែល​គណនី Twitter របស់​គេ​មាន​ឈ្មោះ @comex (https://twitter.com/comex) ហើយ​មាន​អ្នក Follow ជាង ២១ មុឺន​នាក់។

​ក្រុម​នេះ​ជោគជ័យ​លើ​ការ Jailbreak iOS តាំង​ពី​កំណែ iOS 1.1.1 នៅ​ឆ្នាំ ២០០៧ ហើយ​បញ្ចប់​នៅ​អំឡុង​ឆ្នាំ ២០១១ នៃ​ការ Jailbreak iOS 4.3.3។​

២.ក្រុម Evad3rs:

ក្រុម​នេះ​មាន​សមាជិគ ៤ រូប រួម​មាន pod2g, MuscleNerd, Planetbeing និង Pimskeks ពួក​គេ​បាន​ហែកគុក​ដោយ​ជោគជ័យ លើ​ការ Jailbreak iOS 6.0-6.1.2 និង iOS 7.0-7.0.6 ដែល​ពេល​នោះ Sabay ចាំ​ថា ការ​បញ្ចូល​ក្តារ​ចុច​និង​ពុម្ព​អក្សរ​ខ្មែរ គឺ​កំពុង​ល្បី​ខ្លាំង ដោយ​ចាំ​បាច់​ទាមទារ​ឱ្យ​ម៉ាស៊ីន Jailbreak ទើប​អាច​ធ្វើ​បាន។ ក្រុម​នេះ​ប្រើប្រាស់​គណនី Twitter ដែល​មាន​ឈ្មោះ @evad3rs មាន​អ្នក Follow ជាង ៣៣ មុឺន​នាក់។

៣.ក្រុម TaiG

ក្រុម TaiG ឫ​សរសេរ​ថា Taiji ជា​ភាសា​ចិន បាន​បង្កើត​កម្មវិធី Jailbreak លើ iOS ជំនាន់ 8.0-8.4 ប៉ុន្តែ​មិន​គាំទ្រ​ពពួក​នាឡិកា​ឆ្លាត​វៃ Apple Watch និង Apple TV ឡើយ។ ក្រុម​នេះ​លេច​ចេញ​ឡើង​នៅ​ថ្ងៃ​ទី ២៩ វិច្ឆិកា​ឆ្នាំ ២០១៤។ តាម​ការ​លេច​លឺ​កន្លង​ទៅ ពួក​គេ​មាន​ប្រធាន​ក្រុម​មួយ ដែល​បាន​ចេញ​មុខ​គឺ​មាន​ឈ្មោះ Ray Xie។

៤.ក្រុម Pangu

Pangu ជា​ក្រុម​សញ្ជាតិ​ចិន​តែ​មួយ​ដូច​ទៅ​នឹង TaiG ប៉ុន្តែ​ពួក​គេ​ល្បី​ខ្លាំង​លើ​ការ Jailbreak iOS ច្រើន​ជំនាន់ ដោយ​ដំបូង​បំផុត​នៅ​ឆ្នាំ ២០១៤ ពួក​គេ Jailbreak ដោយ​ជោគជ័យ​នៃ iOS 7.1-7.1.x ដែល​កាល​នោះ គេ​ច្រើន​និយាយ​ថា​បើ​មាន iPhone ឈរ​លើ iOS 7.0.x ត្រូវ​រក Evasion ហើយ​បើ 7.1.x ត្រូវ​រក Pangu។

ក្រោយ​មក​ទៀត​ក៏​ជោគជ័យ​លើ​ការ​បំបែក​កូដ Jailbreak iOS 8.0-8.1 និង iOS 9.0-9.1 ហើយ​ជំនាន់​កម្មវិធី​គាំទ្រ​ចុង​ក្រោយ​របស់​ពួក​គេ​គឺ iOS 9.3.3 មុន​ដល់ Apple បាន​កែ​ចន្លោះ​ប្រហោង​លើ iOS 9.3.4 និង 9.3.5 ធ្វើ​ឱ្យ​មាន​ការ​រាំង​ស្ទះ​ដំណើរការ​របស់​ក្រុម​ជើង​ខ្លាំង​មក​ពី​ប្រទេស​ចិន​មួយ​នេះ។​​

៥.ក្រុម Yalu

ជា​កម្មវិធី Jailbreak មួយ ដែល​បង្កើត​ឡើង​ដោយ​និស្សិត​សញ្ជាតិ​អ៊ីតាលី Luca Todesco ឈ្មោះ​ហៅ​ក្រៅ qwertyoruiop។ ជោគជ័យ​លើ​កំណែ iOS 10.1-10.2 សម្រាប់​ពពួក iPhone/iPad ប្រភេទ 64-Bit។ ប៉ុន្តែ​ការ Jailbreak នោះ គឺ​ជា​លក្ខណៈ Semi-untethered ដែល​ជា​ន័យ​ងាយ​ស្តាប់​ គឺ​វា​មិន​ទាន់​ពេញលេញ​នោះ​ទេ ខណៈ​បើ iPhone ធ្វើ​ការ Reboot ម៉ាស៊ីន​ត្រូវ Jailbreak ម្តង​ទៀត ដោយ​ប្រើ​កម្មវិធី Cydia Impactor។

បញ្ជាក់​ថា​ សម្រាប់​ក្រុម​ខ្លះ មិន​អាច​ទទួល​បាន​រូបភាព​របស់​ពួក​គេ​នោះ​ទេ ព្រោះ​ដូច​អ្នក​ដឹង​ស្រាប់​ហើយ Hacker គឺ​ជា​មនុស្ស​ដែល​លាក់​មុខ​បំផុត ជៀសវាង​មាន​បញ្ហា​ណា​មួយ​ដល់​ពួក​គេ​នៅ​ថ្ងៃ​ខាង​មុខ។

ប្រភពពី៖Sabay