Kirin 970 chipset គឺជាបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Huawei ដែលទ្រទ្រង់នូវបច្ចេកវិទ្យា Category 18 សម្រាប់ Downlink និង Category 13 សម្រាប់ Uplink ដែលមានន័យថា បន្ទះឈីប Kirin 970 ពិតជាមានសមត្ថភាពខ្ពស់ និងមានល្បឿនដោនឡូតដល់ទៅ 1.2Gbps។ ដើម្បីសម្រេចបាននូវល្បឿនកម្រិតខ្ពស់បែបនេះ ក្រុមហ៊ុន Huawei និង R&S ប្រើប្រាស់នូវការពង្រឹងទៅលើទៅលើ 4×4 MIMO និង 256QAM ដើម្បីបង្កើននូវល្បឿនទិន្នន័យ។ 256QAM ធ្វើការបង្កើនទៅលើចំនួន Bits នៃការបញ្ចូននីមួយៗ ហើយវាបង្កើនទៅលើល្បឿនទិន្នន័យផងដែរ។

“យើងមានការរំភើបណាស់ដែលក្រុមហ៊ុន Huawei បញ្ចប់ការធ្វើតេស្ត៍ជាមួយនឹងក្រុមហ៊ុន R&S ហើយនេះ គឺជាជំហាននៃភាពជោគជ័យមួយទៀតនៅក្នុងឧស្សាហកម្មស្មាតហ្វូន។ បន្ទះឈីប Kirin 970 ក្លាយជាបន្ទះឈីប SoC ដំបូងបំផុត ដែលទ្រទ្រង់នូវបច្ចេកវិទ្យា LTE Cat.18 DL និង Cat.13 UL ដែលមានល្បឿនដល់ទៅ 1.2Gbps ។ ការសម្រេចជោគជ័យមួយនេះបង្ហាលញថា Kirin SoC របស់ក្រុមហ៊ុន Huawei នៅតែឈានមុខគេនៅក្នុងវិស័យ LTE-A-Pro Wireless Communication” – Ai Wei របស់ក្រុមហ៊ុន Huawei ។

លោកអ្នកប្រហែលជាមានការឆ្ងល់ហើយថា តើបន្ទះឈីប Kirin 970 មានសមត្ថភាពខ្លាំងក្លាកម្រិតណាសម្រាប់ប្រើប្រាស់នៅលើហ្វាប់ប្លេត Huawei Mate 10 បើធៀបជាមួយនឹងបន្ទះឈីបចុងក្រោយរបស់ Qualcomm នោះ។ បន្ទះឈីប Snapdragon 835 បង្ហាញខ្លួនមុន Kirin 970 ដែលទ្រទ្រង់នូវបច្ចេកវិទ្យា Category 16 ដែលមានល្បឿនទាញយកដល់ទៅ 1Gbps ។ បន្ទះឈីប Snapdragon 835 ប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់ប្រណិតជាច្រើនដូចជា Samsung Galaxy Note 8, HTC U11, LG V30 និង Essential Phone ។ សម្រាប់បន្ទះឈីប Kirin 970 នៅមិនទាន់ប្រើប្រាស់នៅលើស្មាតហ្វូនណាមួយនៅឡើយទេ។ សម្រាប់ហ្វាប់ប្លេត Huawei Mate 10 នឹងបង្ហាញខ្លួននៅថ្ងៃទី 16 ខែតុលាខាងមុខនេះ៕