មួយ​រយៈពេល​មក​នេះ មាន​ការ​ស្រពិចស្រពិល​ទៅ​លើ​ការ​ហៅ​ឈ្មោះ​ស្មាតហ្វូន Nokia ស៊េរី​ថ្មី ខ្លះ​ថា ជា Nokia 8 ហើយ​ខ្លះ​ថា ជា Nokia 9។ ទើបតែ​ម្សិលមិញ ទើប​ក្រុមហ៊ុន Nokia ​បើក​សម្ពោធ​ស្មាតហ្វូន​ស៊េរី​ថ្មី​របស់​ខ្លួន​ផ្លូវការ គឺ​មិន​ទាល់​ដល់​វេន Nokia 9 នៅ​ឡើយ​នោះ​ទេ។ ក្រុមហ៊ុន​បាន​ប្រកាស​ចេញ Nokia 8 អម​ដោយ​លក្ខណៈ​សម្បត្តិ​ខ្ពស់​ប្រើ​ឈីប Snapdragon 835 និង​មាន RAM 4GB។ ចំណែក​របាយការណ៍​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ជុំវិញ ស្មាតហ្វូន​ថ្មី​ខាង​មុខ ដែល​មាន​ឈ្មោះ Nokia 9 ​វិញ​ម្ដង។

 

 

​អំឡុង​ពេល​សម្ពោធ Nokia 8 ​អ្នក​តំណាង​ក្រុមហ៊ុន HMD Global ​ហាក់​បង្ហើប​ឱ្យ​ដឹង​ថា នឹង​វត្តមាន​ទូរស័ព្ទ​ស៊េរី​ក្រោយ ភ្ជាប់​អេក្រង់​ធំ​ជាង Nokia 8 ​ទៅ​ទៀត ដើម្បី​បំពេញ​តម្រូវការ​អ្នក​ប្រើ​គ្រប់​គ្នា។ អ្នក​តំណាង​ថែមទាំង​បាន​លើកឡើង​ទៀត​ថា ក្រុមហ៊ុន​កំពុង​ផ្ដោត​ផលិត​ស្មាតហ្វូន​សមត្ថភាព​ខ្ពស់ (high-end) ​ដែល​វា​នឹង​ជា ស្មាតហ្វូន​កំពូល​ប្រចាំ​ក្រុមហ៊ុន (flagship device) ​ហើយ​បំពាក់​នូវ​អេក្រង់​ធំ​ជាង​ស្មាតហ្វូន​បច្ចុប្បន្ន គឺ​ធំ​ជាង Nokia 8 ​(អេក្រង់ ៥,៣អ៊ីញ Quad HD)។

​ហើយ​ខាង​លើ​នេះ ជា​រូប​គំនូស​ព្រាង​ដែល​បាន​បែកធ្លាយ​កន្លង​ទៅ ដែល​អាច​ឱ្យ​គេ​សន្និដ្ឋាន​ថា Nokia 9 នឹង​ជា​កំពូល​ស្មាតហ្វូន​មួយ​របស់ Nokia & HMD Global ​ដែល​ត្រូវ​បាន​ឌីហ្សាញ​យ៉ាង​សម្រិតសម្រាំង​មាន​រចនាបថ​ស្អាត គែម​អេក្រង់​ស្ដើង ទុក​សម្រាប់​ប្រកួតប្រជែង​នឹង​កំពូល​ស្មាតហ្វូន​ក្រុមហ៊ុន​ល្បីៗ ពោល​មិន​ដូច​ជា Nokia 8 នោះ​ឡើយ។

ពេល​នេះ មិន​ទាន់​មាន​ការ​អះអាង​ពី​កាលបរិច្ឆេទ​ដែល Nokia 9 នឹង​បង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ឡើយ តែ​គេ​សង្ឃឹម​ថា នឹង​ត្រូវ​វែកមុខ​ក្នុង​ពេល​ឆាប់ៗ។ គេ​រំពឹង​ថា Nokia 9 នឹង​ប្រើ​ឈីប Snapdragon 835 មាន RAM 6GB ឬ 8GB អង្គ​ចងចាំ​រហូត​ដល់ 128GB, បច្ចេកវិទ្យា​ស្កេន​ប្រស្រី​ភ្នែក (iris scanner) និង IP68 ​ដែល​ជា​មុខងារ​មិន​ជ្រាប​ទឹក។ Nokia 9 អាច​មាន​តម្លៃ​ប្រហែល ៧៤០អឺរ៉ូ ឬ​ប្រហែល ​៨៨០ដុល្លារ​។